សូមអគុណដែលបានចូលមកទស្សនា blogដ៍អស្ចារ្យនេះសូមអោយអ្នកទាំងអស់គ្នាមានសុខភាពល្អបា្រជ្ញាឈ្លាសវៃនិងសម្រស់កាន់តែស្អាត

អាស័យដ្ធានទំនាក់ទំនង​ 068451816 hemchanbormey@gmail.com

ចំនួនអ្នកចូលទស្សនា blog

សង្គម

ជូន​ចំពោះ​មិត្ត​អ្នក​អាន​ កញ្ចក់​សង្គម
ដូច​ដែល​យើង​បាន​ប្រកាស​នា​កន្លង​មក​ យើង​កំពុង​តែ​ឆ្ពោះ​ទៅ​រក​ការ​បិទ​ជា​ចុង​ក្រោយ​នូវ​ការ​ចេញ​ផ្សាយ​ជា​ទៀង​ទាត់​អំពី​ការ​ឆ្លុះ​បញ្ចាំង​ពី​សារព័ត៌មាន​ខ្មែរ​
ជា​រឿង​ដែល​គួរឲ្យ​ក្រៀមក្រំ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​នូវ​ព័ត៌មាន​មិន​ល្អ​ជាមួយ​លោកអ្នក​ គឺ​យើង​មិន​អាច​បន្ត​ការផ្សាយ​ កញ្ចក់​សង្គម​ ឲ្យ​លើស​ពី​ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នោះ​ទេ​​
ការ​ចេញផ្សាយ​ កញ្ចក់​សង្គម​ កាលពី​ពេល​កន្លងទៅ​តាម​គេហទំព័រ​បច្ចុប្បន្ន​ លោកអ្នក​នឹង​នៅតែ​អាច​អាន​បាន​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​ឡើងវិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ឬក៏​ធ្វើការ​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​
ការ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ The Mirror នឹង​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​បាន​នៅ​ទី​នេះ​
យើង​សង្ឃឹម​ថា​ចំណោម​មិត្ត​អ្នក​អាន​ កញ្ចក់​សង្គម​ របស់​យើង​ ដែល​អាច​អាន​ភាសា​អង់គ្លេស​បាន​ នឹង​ប្ដូរ​ទៅ​អាន​ The Mirror ជា​ភាសា​អង់គ្លេស​វិញ​
ចំនួន​អ្នក​អាន​ កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ មិន​បាន​កើន​ឡើង​ច្រើន​នោះ​ទេ​ ជា​ការ​ពិត​ណាស់​ កាល​ពី​យើង​នៅ​មាន​មធ្យោបាយ​ហិរញ្ញវត្ថុ​ក្នុង​ការ​ផ្សាយ​នៅ​លើ​ក្រដាស​ ហើយ​បញ្ជូន​ ព្រឹត្តិបត្តិ​កញ្ចក់​សង្គម​ ទៅ​កាន់​បណ្ដា​ខេត្ត​ អ្នក​អាន​ព្រឹត្តិបត្តិ​ជា​ភាសា​ខ្មែរ​គឺ​មាន​ចំនួន​ច្រើន​ជាង​អ្នក​អាន​ជា​ភាសា​អង់គ្លេស​ ដែល​ព្រឹត្តិបត្តិ​ចំលង​ជាង​២០០០​ច្បាប់​ជា​ភាសាខ្មែរ​ត្រូវ​បាន​ចែក​ចាយ​ទៅ​កាន់​បណ្ដាខេត្ត​ជា​រៀង​រាល់​សប្ដាហ៍​ តែ​ជា​អកុសល​ ប្រាក់​ជំនួយ​ដែល​បាន​មក​ការ​ស្នើ​សុំ​ និង​ការ​ផ្ដល់​សម្រាប់​ កញ្ចក់​សង្គម​ ដើម្បី​ធ្វើ​ការ​ផ្ដល់​សេវា​កម្ម​ទៅ​កាន់​​អ្នក​អាន​នៅ​តាម​ខេត្ត​ដែល​ជា​ទី​ដែល​កាសែត​ពិបាក​នឹង​ទៅ​ដល់​ ត្រូវ​បាន​កាត់​ផ្ដាច់​នៅ​ឆ្នាំ​ ២០០៦​
បន្ទាប់​ពី​បង្កើត​ វិទ្យាស្ថាន​បើក​ទូលាយ​ រួច​មក​ យើង​មាន​មូលដ្ឋាន​ថ្មី​សម្រាប់​សេវា​កម្ម​នេះ​ ប៉ុន្តែ​លែង​មាន​ធនធាន​ហិរញ្ញវត្ថុ​ទៀត​ហើយ​ ដោយសារ​គ្មាន​ធនធាន​ទាំង​នេះ​ដូច្នេះ​ហើយ​ យើង​មិន​អាចបន្ត​ចេញ​ផ្សាយ​នៅ​លើ​ក្រដាស​ទៀត​ឡើយ​ ប៉ុន្តែ​បាន​ធ្វើ​ការ​ផ្សាយ​តាម​តែ​រយៈ​អ៊ីនធឺណិត​តែ​ប៉ុណ្ណោះ​ គឺ​ផ្សាយ​ជា​ភាសា​អង់គ្លេស​ចាប់​ពី​ឆ្នាំ​ ២០០៧​ និង​ជា​ភាសា​ខ្មែរ​ចាប់​ពី​ឆ្នាំ​ ២០០៨​ វា​ក៏​មាន​ន័យ​ផង​ដែរ​ថា​ យើង​មិន​អាច​ទៅ​ដល់​អតីត​មិត្ត​អ្នក​អាន​របស់​យើង​នៅ​ឯ​តាម​ខេត្ត​ ដែល​ពួក​គេ​មិន​មាន​អ៊ីនធឺណិត​ប្រើប្រាស់​
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​រីករាយ​នឹង​រាយការណ៍​ថា​ សេវាកម្ម​ជា​ភាសា​អង់គ្លេស​ The Mirrior គឺ​កំពុង​តែ​ទទួល​បាន​នូវ​ចំណាប់​អារម្មណ៍​កាន់​តែ​ច្រើន​និង​កាន់​តែ​ទូលំទូលាយ​ឡើង​ ដែល​នៅ​ក្នុង​ខែ​ មករា​ ឆ្នាំ​ ២០០៩​ យើង​ទទួលបាន​ជា​លើក​ដំបូង​នូវ​ការ​ចូល​ទស្សនា​ច្រើន​ជាង​៧០០០​តាម​រយៈ​អ៊ីនធឺណិត​ និង​ ការ​ទស្សនា​ ៧៧៥៧​ ត្រូវ​បាន​កត់​ត្រា​ពី​ការ​ទស្សនា​របស់​មិត្ត​អ្នកអាន​ពី​ជាង​១០០​ប្រទេស​ ក្នុង​ចំណោម​ពួក​គេ​ ២៦% ភ្ជាប់​ The Mirror ពី​ប្រទេស​កម្ពុជា​ ហើយ​យើង​សន្និដ្ឋាន​ថា​ចំនួន​​ជា​ច្រើន​នៃ​អ្នក​អាន​នៅ​សហរដ្ឋ​អាមេរិក​ អូស្ត្រាលី​ បារាំង​ និង​ កាណាដា​ ក៏​ជា​ជន​កម្ពុជា​ផង​ដែរ​
ការ​ដែល​មាន​ចំនួន​អ្នក​អាន​ជាច្រើន​ផង​ដែរ​ពី​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ី​ ដូចជា​មកពី​ប្រទេស​ ឥណ្ឌា​ កូរ៉េ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ សិង្ហបុរី​ ថៃ​ និង​ វៀតណាម​ ដែល​បង្ហាញពី​អ្នក​អាន​សំខាន់ៗ​ វា​ក៏​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ការ​ស្រង់​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ The Mirror កំពុង​តែ​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​នៅ​ក្នុង​តំបន់​ នេះ​មិនមែន​ជា​ការ​លួងលោម​ចិត្ត​ទាំង​ស្រុង​ចំពោះ​ការ​ពិត​ដែល​យើង​មិន​អាច​បន្ត​ផ្សាយ​ កញ្ចក់​សង្គម​ នោះ​ទេ​ ប៉ុន្តែ​វា​នៅ​តែ​ជា​ការ​ជម្រុញ​ឱ្យ​បន្ត​ជាមួយ​នឹង​ហិរញ្ញវត្ថុ​ដែល​មាន​កំណត់​របស់​យើង​ដើម្បី​ចែករំលែក​កាន់​តែ​ទូលំទូលាយ​តាម​ដែល​អាច​ធ្វើ​បាន​នូវ​អ្វី​ដែល​កើត​ឡើង​ និង​អ្វី​ដែល​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​
ប្រសិន​ជា​អាច​ទទួល​បាន​នូវ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​មាន​ស្ថិរភាព​ពិត​ប្រាកដ​ យើង​នឹង​ពិចារណា​ចាប់​ផ្ដើម​ការ​ផ្សាយ​ កញ្ចក់​សង្គម​ ម្ដង​ទៀត​

យុវជន​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ

“យុវជន​អាច​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត យុវជន​អាច​តាម​ដាន​ការងារ និង​ព័ត៌មាន​ផ្សេងៗ​ក្នុង​សង្គម ជួយ​ជា​វិភាគទាន​ដល់​ជន​រង​គ្រោះ​និង​កិច្ចការ​ជា​ច្រើន​ទៀត…សុទ្ធ​តែ​មាន​សារៈសំខាន់” នេះ​ជា​ការ​លើកឡើង​របស់​យុវជន ថូ សុខា មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​មន្ត្រីរាជការឯករាជ្យ​កម្ពុជា (CICA) បង្ហាញ​ពី​ការងារ​ដែល​យុវជន​គួរ​តែ​ចូលរួម​ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។
ខណៈ​ដែល​មាន​យុវជន​មួយ​ចំនួន ​មិន​ទាន់​ជ្រាប ​ពី​តួនាទី​ដ៏​សំខាន់​របស់​ខ្លួន​ក្នុង​សង្គម ដែល​នាំ​ឲ្យ​ការ​ចូលរួម​នៅ​មាន​កម្រិត​នោះ យុវជន​ខាង​លើ​បង្ហាញ​ហេតុផល​ថា “គាត់​អាច​មិន​ទាន់​ស្គាល់​តម្លៃ​នៃ​ការ​ចូលរួម ដូច​ជា​ការងារ​ស្ម័គ្រចិត្ត​ដែល​គ្មាន​ផល​កម្រៃ​ គាត់​អាច​គិត​ថា​ កិច្ចការ​សង្គម​អាច​នឹង​ទាក់ទង​នឹង​នយោបាយ”។
លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ ​បាន​​ប្រាប់ ​Sabay ​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ថា ការ​ចូលរួម​ទាំង​ឡាយ​នឹង​ផ្ដល់ឲ្យ​យុវជន​​​ទទួល​បាន​​បទពិសោធន៍​ ធ្វើ​ឲ្យ​យុវជន​​យល់​ដឹង​កាន់​តែ​ច្រើន អាច​ឲ្យ​យុវជន​អភិវឌ្ឍ​ខ្លួន ស្គាល់​ពី​សិទ្ធិ​សេរីភាព​របស់​ខ្លួន ធ្វើ​ឲ្យ​យុវជន​មាន​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិត ​គិតគូរ​វែងឆ្ងាយ យល់​ដឹង​ទូលំទូលាយ និង​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ហើយនឹង​នាំ​មក​នូវ​អ្វី​ដែល​ថ្មី​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ។
យ៉ាង​ណាមិញ លោក​បាន​កត់សម្គាល់​ឃើញ​ថា កន្លង​មក​យុវជន​​ហាក់​មិន​ទាន់​ហ៊ាន​ប្រឡូក​ច្រើន​ក្នុង​កិច្ចការ​សង្គម​នៅ​ឡើយ ដូច​ជា​ការ​បញ្ចេញ​មតិ​ក្នុង​ផ្នែក​នយោបាយ​ជា​ដើម តែ​លោក​ក៏​ឃើញ​កម្លាំង​យុវជន​ច្រើន​ក្នុង​កិច្ចការពារ​បរិស្ថាន និង​ការងារ​ស្ម័គ្រ​ចិត្ត​មួយ​ចំនួន​ដែរ។
និស្សិត​​ចិត្ត​វិទ្យា​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា ងីម ស្រីនាថ យល់​ថា​យុវជន​គឺ​ជា​កម្លាំង​ចលករ​មួយ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ដោយ​កញ្ញា​បញ្ជាក់​ហេតុផល​ថា យុវជន​ភាគ​ច្រើន​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​សិក្សា​ខ្ពស់ មាន​ការ​យល់​ដឹង​វែងឆ្ងាយ។
ក្នុង​នាម​ជា​យុវជន​ម្នាក់​ដែរ​នោះ ស្រីនាថ​ប្រាប់​ពី​តួនាទី​របស់​ខ្លួន​ថា ដោយ​មិន​ទាន់​បាន​ចូលរួម​ច្រើន​ ក៏​ខ្លួន​អាច​ចាប់​ផ្ដើម​ពី​ការ​ស្រលាញ់ ការពារ​បរិស្ថាន ខំ​ប្រឹង​សិក្សា​ដើម្បី​រក​ការងារ​បម្រើ​ផល​ប្រយោជន៍​សង្គម និង​គោរព​ច្បាប់​ចរាចរណ៍​ជាដើម ដែល​កញ្ញា​គិត​ថា​ ទាំង​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម។
ទន្ទឹម​នឹង​ការ​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​យុវជន​នៅ​ក្នុង​វេទិការ “ទិវា​យុវជន​អន្តរជាតិ” ដែល​ប្រព្រឹត្តិ​ទៅ​នៅ​មជ្ឈមណ្ឌល​ទួល​គោក ​ប្រធាន​សមាគម​យុវជន​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​យ៉ាង​ស្និទ្ធ​ជាមួយ​យុវជន​សំដៅ​ពង្រឹង​ការ​ចូលរួម​ឲ្យ​បាន​ខ្លាំងក្លា​ អ្នក​នាង​ស៊ុន ចាន់សែន​ គូស​បញ្ជាក់​ថា បច្ចុប្បន្ន​យុវជន​ដែល​មាន​រហូត​ដល់ ៣៦% (ប្រមាណ​៥​លាន​នាក់) ក៏​កំពុង​តែ​ត្រូវ​ការ​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​បាន​ពេញលេញ​ដើម្បី​ក្លាយ​ជា​កម្លាំង​ដ៏​រឹង​មាំ។ អ្នក​នាង​ថា “យើង​មើល ២​ភាគ​៣ នៃ​យុវជន​មក​ពី​ជនបទ គាត់​អាច​ប្រឈម​ការ​លំបាក​ផ្សេងៗ ប្រព័ន្ធ​អប់រំ ជីវភាព…ទាំង​អស់​នេះ​ជា​ឧបសគ្គ​ក្នុង​ការ​ចូលរួម​របស់​យុវជន”។
បច្ចុប្បន្ន​ យើង​អាច​សង្កេត​ឃើញ​ថា ​មាន​អង្គការ ឬ​សមាគម​ជា​ច្រើន​ដែល​កំពុង​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​យុវជន ហើយ​ក្នុង​នោះ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) ក៏​មាន​កម្មវិធី​ជា​ច្រើន​ដែល​ផ្ដល់​ឱកាស​ឲ្យ​យុវជន​មាន​សំឡេង​នៅ​ក្នុង​សង្គម។ យុវតី វីរៈ ប៊ុណ្ណារ័ត្ន ជំនួយការ​ជាន់​ខ្ពស់​ផ្នែក​ពង្រឹង​សិទ្ធិ​អំណាច​យុវជន​នៃ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​បាន​ឲ្យ​ដឹង​ថា នៅ​ទី​នោះ​យុវជន​ជា​ច្រើន​បាន​ទទួល​វគ្គ​បណ្ដុះបណ្ដាល​ បើក​វេទិកា​យុវជន​ទាក់ទង​ការ​ពង្រឹង​សមត្ថភាព បង្រៀន​ឲ្យ​ចេះ​ស្គាល់​ពី​តួនាទី​របស់​ខ្លួន​ក្នុង​សង្គម ជួយ​លើក​ទឹកចិត្ត​យុវជន​ឲ្យ​មាន​សំឡេង​ក្នុង​វិស័យ​នានា និង​ចូលរួម​ធ្វើ​ការ​ស្ម័គ្រចិត្ត។
តាម​រយៈ​ការ​បទពិសោធន៍​ការងារ​នៅ​ជាមួយ​យុវជន ប្រធាន​សមាគម​យុវជន​ខ្មែរ​ខាង​លើ​យល់​ថា យុវជន​ក៏​ត្រូវការ​ការ​លើក​ទឹកចិត្ត​ ជំរុញ និង​គាំទ្រ​ពី​សំណាក់​ថ្នាក់​ដឹកនាំ អង្គការ​ផ្សេងៗ ធ្វើ​យ៉ាង​ណា​បង្ក​បរិយាកាស​ឲ្យ​យុវជន​អាច​ទទួល​បាន​ការ​អភិវឌ្ឍ​ខ្លួន និង​បាន​ចូលរួម​លើ​គ្រប់​វិស័យ​ដើម្បី​ការ​រីកចម្រើន​ក្នុង​សង្គម​ជាតិ។
គួរ​បញ្ជាក់​ដែរ​ថា វេទិកា​​ក្រៀម​ចំណងជើង​ថា “កិច្ច​សន្ទនា​និង​ការ​យោគយល់” ​គឺ​ជា​ខួប​លើក​ទី​១២ នៃ​ទិវា​យុវជន​អន្តរជាតិ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ និង​សមាគម​យុវជន​ចំនួន​២៦​​នៅ​មជ្ឈមណ្ឌល​ទួល​គោក។ វេទិកា​នេះ​​បង្ក​ឱកាស​ឲ្យ​យុវជន​បាន​ជជែក​គ្នា​លើ​ប្រធានបទ​ជា​ច្រើន​ជា​មួយ​តំណាង​អង្គការ សមាគម​នានា​ជុំវិញ​ចំណែក​ចូលរួម​របស់​យុវជន​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ នៅ​ក្នុង​កម្មវិធី​នេះ​ក៏​មាន​ការ​ចាក់​បង្ហាញ​ពិព័រណ៍​ស្នាដៃ​យុវជន​ខ្មែរ និង​មាន​ការ​ប្រគំ​តន្ត្រី​ផង​ដែរ​នៅ​ពេល​ល្ងាច៕                               
           ភ្នំពេញ​គ្រោង​ធ្វើ​សួនច្បារ​តាម​ដង​ទន្លេសាប
សាលា​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ស្ថាបនា​សួន​ច្បារ​ប្រវែង ២៥០០ ម៉ែត្រ​តាម​បណ្ដោយ​ដង​ទន្លេ​សាប​ដែល​គិត​ចាប់​ពី​គល់​ស្ពាន​ជ្រោយ​ចង្វា​រហូត​ដល់​ស្ថានីយ​ប្រេង​សូគីមិច​ឫស្សីកែវ​ក្នុង​ពេល​ឆាប់ៗ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ខណៈ​ដែល​លោក​កំពុង​ដឹកនាំ​ក្រុម​ការងារ​ចុះ​មើល​ទីតាំង​សម្រាប់​ស្ថាបនា​សួនច្បារ​ កាល​ពី​ព្រឹកមិញ​នេះ។
លោក​ កែប ជុតិមា ​បាន​បញ្ជាក់​ថា ​ការ​សាងសង់​នេះ​នឹង​ចាប់ផ្ដើម​នៅ​រដូវ​ទឹកទន្លេ​ស្រក​ខាង​មុខ​ដ៏​ខ្លី​ ក្នុង​គោលដៅ​អភិវឌ្ឍ​សោភ័ណភាព​ទី​ក្រុង​ឲ្យ​កាន់​តែ​មាន​សភាព​ស្រស់​ស្អាត និង​ជា​មុខមាត់​ថ្មី​សម្រាប់​ទីក្រុង​ភ្នំពេញ​ផង​ដែរ។
យ៉ាងណាមិញ ការ​ស្ថាបនា​សួនច្បារ​នេះ​ក៏​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ត្រូវ​រុះរើ​លំនៅឋាន​ដោយសារ​អ្នក​ទាំង​នោះ​សុទ្ធតែ​បាន​ចុះ​កិច្ច​សន្យា​ជួល​ដី​នេះ​សម្រាប់​លំនៅឋាន និង​ប្រកប​អាជីវកម្ម​ជា​ដើម​ជា​មួយ​នឹង​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ។
“ខ្ញុំ​គ្រាន់​ចង់​សួរ​ទេ​ថា គេ​សង់​សួន​ច្បារ​នេះ​ហើយ​ប៉ះ​ពាល់​ផ្ទះ​ប្រជាជន​អីចឹង គេ​ដោះស្រាយ​អី​ឲ្យ​ប្រជាជន​អត់? ឲ្យ​ម្ចាស់ដី​ហ្នឹង​អត់? ព្រោះ​អី​ដី​នេះ ប្រជាជន​កាន់​កាប់​តាំង​ពី​៧៩​មក…គ្រាន់​ចង់​ដឹង​តែ​ប៉ុណ្ណឹង​ទេ គឺ​រដ្ឋ​ដក​យក​ទៅ​ធ្វើ​អី​ធ្វើ​ទៅ សុំ​គ្រាន់​តែ​ដោះស្រាយ​ឲ្យ​​ប្រជាជន​ខ្លះ​ផង”។ នេះ​ជា​សំណូមពរ​របស់ ប៉ោ វណ្ណឌី ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃ្លាំង​សាំង​ដែល​ជា​ទីតាំង​ប៉ះពាល់​ដោយ​គម្រោង​សាងសង់​សួនច្បារ​នេះ។
ឆ្លើយ​តប​ក្នុង​រឿង​នេះ ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏​បញ្ជាក់​ដែរ​ថា សាលា​រាជធានី​នឹង​ពិចារណា​ដោះស្រាយ​ចំពោះ​តែ​ប្រជាពលរដ្ឋ​ដែល​លំបាក ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ផ្លាស់ប្ដូរ​លំនៅឋាន​នេះ​​ប៉ុណ្ណោះ គឺ​មាន​ទីតាំង​ថ្មី​សម្រាប់​ពួក​គាត់​ព្រម​ទាំង​មាន​គោលនយោបាយ​អនុគ្រោះ​មួយ​ចំនួន​សម្រាប់​ពួក​គាត់​ដែរ។
ទោះបី​ជា​យ៉ាង​ណា លោក កែប ជុតិមា សង្កត់​ធ្ងន់​ថា “ដី​នេះ​មិន​មែន​ជា​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ទី​នេះ​ទេ ពួកគាត់​ជួល​ដី​នេះ​ទេ ហើយ​ឥឡូវ​ចប់​កិច្ចសន្យា​ជា​មួយ​រដ្ឋ ទើប​សាលា​រាជធានី​ចាប់ផ្ដើម​ការ​សាងសង់​នេះ”។
គម្រោង​ធ្វើ​សួនច្បារ​តាម​បណ្ដោយ​ដង​ទន្លេ​សាប​នោះ បាន​បង្កើត​ឡើង​យូរ​មក​ហើយ ​ដោយ​មាន​ការ​យល់ព្រម​និង​គាំទ្រ​ពី​នាយក​រដ្ឋ​មន្ត្រី​អនុញ្ញាត​ជា​គោលការណ៍​ឲ្យ​សាងសង់​តាំង​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ តែ​ដោយសារ​ ការ​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​កិច្ច​សន្យា​ជួល​ដីនេះ ក៏​រង់ចាំ​ដល់​កិច្ច​សន្យា​ចប់​សិន។ សាលា​រាជធានី​ភ្នំពេញ​ក៏​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​អស់​មាន​ការ​យោគយល់ អនុវត្ត​ទៅ​តាម​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​នៅ​ក្នុង​​កិច្ច​សន្យា (កិច្ច​សន្យា​ជាមួយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ) ដើម្បី​ទទួល​បាន​អ្វី​ដែល​ជា​ផល​ប្រយោជន៍​រួម​សម្រាប់​ប្រទេស​ជាតិ។ បច្ចុប្បន្ន គម្រោង​សាងសង់​សួនច្បារ​នៅ​តាម​ដង​ទន្លេ​សាប​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ប្រកាស​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ៕